top of page
Search

លិខិត​ចំហ​ជូន​លោក​ ហ៊ុន​ សែន​ / My open letter to Hun Sen #vannahay

  • Writer: Vanna Hay
    Vanna Hay
  • Jul 11, 2018
  • 1 min read

ព្រះរាជាណាចក្រកម្ពុជា ជាតិ សាសនា ព្រះមហាក្សត្រ លិខិតចំហជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សូមគោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរព ។ ខ្ញុំបាទ ហៃ វណ្ណា ពលរដ្ឋខ្មែរកំពុងរស់នៅ និង ធ្វើការនៅប្រទេសជប៉ុន សូមគោរពជូនសម្ដេចនូវលិខិតចំហដែលមានអត្ថន័យដូចខាងក្រោមនេះ ៖ កម្មវត្ថុ ៖ ស្នើសុំឲ្យមានការចរចាដើម្បីការបង្រួបបង្រួម និង ផ្សះផ្សាជាតិ យោងតាមព្រឹត្តិការណ៍នយោបាយចុងក្រោយនេះ ខ្ញុំយល់ឃើញថាសម្ដេចគ្មានលទ្ធភាព និង សម្ថភាពក្នុងការយកឈ្នះទឹកចិត្តប្រជាពលរដ្ឋខ្មែរបានតទៅទៀតទេ បើទោះបីជា សម្ដេចរំលាយគណបក្សសង្គ្រោះជាតិបានហើយក្ដី ហើយរំពឹងថានឹងទទួលបានជ័យជម្នះដោយមិនបាច់ប្រឹងក្ដី ការឈ្នះបែបនេះគឺនឹងមិនត្រូវបានទទួលស្គាល់ដោយមតិជាតិ(ពលរដ្ឋខ្មែរច្រើនលើសលប់) និង អន្តរជាតិ(បូករួមទាំងប្រទេសជប៉ុន)ទេ ។ ដូច្នេះខ្ញុំគិតថាសម្ដេចគ្មានលទ្ធភាព និង សម្ថភាពក្នុងការគ្រប់គ្រងប្រទេសកម្ពុជាតទៅទៀតបានទេ សម្ដេចមានតែជម្រើសពីរគត់ ហើយជម្រើសទាំងពីរសុទ្ធតែជាជម្រើសចាញ់ ៖ ជម្រើសទី១ ៖ ចុះចាញ់ដោយសន្តិវិធី ដោយបើកផ្លូវឲ្យមានការចរចាដើម្បីបង្រួបបង្រួម និង ផ្សះផ្សាជាតិតាមរយៈការពន្យារពេលការបោះឆ្នោត ធ្វើឲ្យការបោះឆ្នោតថ្មីមួយប្រកបដោយភាពសេរី ត្រឹមត្រូវ យុត្តិធម៌ និង លទ្ធផលដែលអាចទទួលយកបានដោយមតិជាតិ និង អន្តរជាតិ ។ ជម្រើសទី២ ៖ បើសម្ដេចនៅតែរឹងទទឹង មានះ មិនព្រមអនុវត្តតាមជម្រើសទី១ទេ សម្ដេចនឹងទទួលរងភាពអាម៉ាស់បំផុតដោយការបណ្ដេញចេញពីតំណែងដោយមហាជន(ប្រជាពលរដ្ឋខ្មែរច្រើនលើសលប់) ហើយកេរ្តិ៍ឈ្មោះសម្ដេចនឹងត្រូវធ្លាក់នរកមុខពេលសម្ដេចស្លាប់ទៅទៀត ហើយក៏នឹងត្រូវប្រវត្តិសាស្ត្រចារឹកទុកក្នុងប្រវត្តិសាស្ត្រ ដោយគ្មានការបន្លំបានដោយបច្ចេកវិទ្យាទំនើបសម័យអ៊ីនធឺណិត និងសម័យបណ្ដាញសង្គម ។ លើសពីនេះទៅទៀត កូនៗចៅៗរបស់សម្ដេច និយាយរួមពាក្យថាត្រកូល ហ៊ុន នឹងត្រូវពលរដ្ឋខ្មែរស្អប់ខ្ពើមដោយគ្មានថ្ងៃអត់ឱនឲ្យបានឡើយ ។ ជាចុងបញ្ចប់ ខ្ញុំសូមស្នើសុំសម្ដេចគួរពិចារណាឡើងវិញពីអនាគតរបស់កូនៗចៅៗសម្ដេច និង ពលរដ្ឋខ្មែរផង បើទោះបីជាសម្ដេចមិនគិតពីខ្លួនឯងក្ដី ។ សូមសម្ដេចជ្រើសរើសយកជម្រើសទី១ គឺចុះចេញដោយសន្តិវិធី ។ សេចក្ដីគួរពុំគួរ សូមមេត្តាអធ្យាស្រ័យ ។ សូមអរគុណ ! ខេត្តឈិបាក់, ថ្ងៃពុធ ទី១១ ខែកក្កដា ឆ្នាំ២០១៨ ហៃ វណ្ណា

Letter in PDF click here!


 
 
 

Comments


Address

Phnom Penh, Cambodia

Contact

Follow

  • facebook
  • twitter
  • instagram
  • flickr
  • youtube

©2018 by Vanna Hay Official Website. 

bottom of page